សាហាវម្ល៉េះ! កម្មវិធីស្កេនដែលអាចដឹងថាអ្នកជាមនុស្សប្រុស ស្រី ឬអ្នកស្រលាញ់ភេទដូចគ្នា បានដោយគ្រាន់តែផ្អែកលើរឿងមួយ
កាលពីថ្មីៗនេះ មានការសិក្សាមួយពីសាកលវិទ្យាល័យ Standford បានបង្ហាញថាកម្មវិធីមួយដ៏ឆ្លាតវៃរបស់ខ្លួន អាចធ្វើការសន្និដ្ឋានពីភេទរបស់មនុស្សបាន ដោយគ្រាន់តែស្កេនទៅលើរូបភាពមួយសន្លឹកប៉ុណ្ណោះ។ ការសិក្សានេះបានវិភាគទៅលើផ្ទៃមុខរបស់មនុស្ស នៅលើរូបភាពប្រហែលជា ៣ ៥០០នាក់ ហើយអ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះ គឺការសន្និដ្ឋានរបស់កម្មវិធីនេះ មានកម្រិតត្រឹមត្រូវខ្ពស់ណាស់។
គ្រាន់តែប្រើរូបថតមួយសន្លឹក កម្មវិធីនេះអាចធ្វើការសន្និដ្ឋានថា មនុស្សប្រុសម្នាក់គឺជាបុរសធម្មតា ឬក៏អ្នកស្រឡាញ់ភេទដូចគ្នា ត្រឹមត្រូវប្រហែលជា ៨១ភាគរយផងដែរ។ ដោយឡែក សម្រាប់លទ្ធផលរបស់ស្ត្រី គឺមានកម្រិតត្រឹមត្រូវទាបជាងបុរសបន្តិច ដោយសារតែកម្មវិធី អាចសន្និដ្ឋានត្រូវប្រហែលជា ៧៤ភាគរយប៉ុណ្ណោះ។

ក្នុងពេលដំបូង អ្នកស្រាវជ្រាវ Michal Kosinski និង Yilun Wang បានទាញយករូបភាពរាប់ពាន់សន្លឹកនៅលើគេហទំព័រ ស្វែងរកគួស្នេហ៍តាមអនឡាញ។ បន្ទាប់មកគេបានធ្វើការសាកល្បងសន្និដ្ឋាន ពីចំណង់ចំណូលចិត្តផ្លូវភេទរបស់មនុស្សទាំងនោះដោយពឹងផ្អែកលើទម្រង់មុខរបស់ពួកគេ។
គេបានរកឃើញថា បុរសដែលស្រឡាញ់ភេទដូចគ្នាមានលក្ខណៈពិសេស ខុសពីមនុស្សប្រុស និងមនុស្សស្រីធម្មតា ហើយរបៀបសំអិតសំអាងខ្លួនរបស់គេ ក៏មានភាពផ្ចិតផ្ចង់ផងដែរ។ លើសពីនេះទៅទៀត បុរសដែលស្រឡាញ់ភេទដូចគ្នា ភាគច្រើនមានច្រមុះស្រួច ចង្ការតូចនិងថ្ងាសធំជាងបុរសទូទៅទៀតផង។ ដោយឡែក សម្រាប់ស្ត្រីដែលស្រលាញ់ភេទដូចគ្នា ពួកគេច្រើនតែមានថ្គាមធំនិងថ្ងាសតូច។


ទោះបីជាការសន្និដ្ឋានរបស់កម្មវិធីនេះ នៅមានកម្រិតត្រឹមត្រូវទាបពិតមែន ប៉ុន្តែកម្មវិធីនេះអាចទាយច្បាស់ជាងមនុស្សទៅទៀត។ មនុស្សអាចសម្គាល់ភេទរបស់មនុស្សប្រុសស្រលាញ់ភេទដូចគ្នាត្រូវត្រឹមតែ ៦១ភាគនិងស្ត្រីដែលស្រលាញ់ភេទដូចគ្នាត្រឹមតែ ៥៤ភាគរយប៉ុណ្ណោះ៕
ប្រភព ៖ The Next Web
Post a Comment