ទៀតហើយ! ម៉ៃ សុគន្ធ រិះគន់ខ្លាំងៗ ទៅលើសមត្ថភាពកុមារា ពេជ្រ ថៃ
តារាចម្រៀង លោក ម៉ៃ សុគន្ធ ដែលទស្សនិកជនធ្លាប់បានស្គាល់ថា លោកតែងតែរិះគន់សិល្បករដទៃទៀតជាញឹកញាប់ និងរិះគន់បុគ្គលមួយចំនួនដែលលោកមិនពេញចិត្ត ឬទើសចិត្តលោក។ ថ្មីៗនេះ ស្របពេលដែលកម្មវិធីប្រឡងចម្រៀងក្មេង The Voice Kids Cambodia កំពុងតែដំណើរការលើកញ្ចក់ទូរទស្សន៍ រស្មីហង្សមាស លោក ម៉ៃ សុគន្ធ បានធ្វើការរិះគន់ខ្លាំងៗ ទៅលើសមត្ថភាពរបស់កុមារាមាឌល្អិត ពេជ្រ ថៃ ដែលប្រិយមិត្តអ្នកគាំទ្រកុមារារូបនេះ ហៅថាកវីតូច ដោយលោកថា សមត្ថភាពក្មេងតូចម្នាក់នេះ ពុំមានអ្វីរីកចម្រើន បើប្រៀបធៀបនឹងក្មេងប្រុសក្នុងក្រុមតែមួយ។
លោក ម៉ៃ សុគន្ធ បានបង្ហោះសាររិះគន់ទៅលើកុមារា ពេជ្រ ថៃ នៅលើបណ្តាលសង្គមហ្វេសប៊ុករបស់លោកថា «មិនមែនបន្ទោសក្មេងទេ តែមួយសប្តាហ៍ទៅមួយសប្តាហ៍ ពេជ្រ ថៃ សមត្ថភាពសំលេងរបស់ប្អូនមិនមានភាពប្រែប្រួលរីកចំរើនសោះ មិនដូច ឡុង លីគ័ង្គ ទេ រីកចំរើនណាស់ ហើយបទ នារីម៉ាកស៊ី ដែល ពេជ្រ ថៃ ច្រៀងមិនស៊ីសង្វាក់សោះ ភ្លេងទៅដោយភ្លេង សំលេងទៅដោយសំលេង ស្ទើរតុងទៀត ទៅលើក៏មិនដល់ ទៅក្រោមក៍មិនដល់ ស្រែកមិនស្មើរតុងតែម្តង»។ លោកថា «វេទិកា The Voice មិនមែនជាវេទិកាប្រលងកំប្លែង មនោសញ្ចេតនា រឺប្រជាប្រិយទេ សូមបងប្អូនបោះឆ្នោត មេត្តា វិនិច្ឆ័យ យកសមត្ថភាពសំលេងជាគោលផង ដោយក្តីស្រឡាញ់»។
ជាមួយនិងសាររិះគន់របស់ លោក ម៉ៃ សុគន្ធ ខាងលើមួយនេះ បានធ្វើឲ្យអ្នកគាំទ្រកុមារា ពេជ្រ ថៃ មានការមិនសប្បាយចិត្ត និងខឹងសម្បារយ៉ាងខ្លាំង ព្រមទាំងបានប្រើពាក្យមិនល្អមួយចំនួនតបទៅកាន់រូបលោក ប៉ុន្តែ មានមតិរបស់មហាជនផ្សេងទៀតបានយល់ស្របផងដែរ ហើយថែមទាំងនិយាយថា កុមារា ពេជ្រ ថៃ ច្រៀងមិនពិរោះដូចលោកលើកឡើងពិតមែន៕
Post a Comment