នាយករដ្ឋមន្ដ្រី៖ ដោយសារយើងសម្រុកទៅទិញបន្លែគីមី ទើបមានអ្នកលក់
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃនេះ បានស្ដីបន្ទោសទៅលើពលរដ្ឋ ចំពោះការប្រើប្រាស់បន្លែមានសារធាតុគីមី ប៉ុន្តែលោកប្រាប់ទៅពលរដ្ឋ កុំឲ្យបន្ទោសលើរដ្ឋាភិបាលចំពោះការនាំចូលបន្លែផ្ទុកទៅដោយសារធាតុគីមី។
ក្នុងពិធីសម្ពោធសណ្ឋាគារមួយនៅឯខេត្តសៀមរាបនៅព្រឹកថ្ងៃនេះ លោក ហ៊ុន សែន បានថ្លែងថា កន្លងមក ពលរដ្ឋតែងតែបន្ទោសរដ្ឋាភិបាលពីការមិនយកចិត្តទុកដាក់ពិនិត្យមើលបន្លែផ្លែឈើមានសារធាតុគីមី ដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពរបស់ពលរដ្ឋ ប៉ុន្តែលោកថា បញ្ហានេះមិនមែនមកពីរដ្ឋាភិបាលនោះទេ។
លោក ហ៊ុន សែន ថ្លែងថា៖ «ខ្ញុំសូមផ្ដាំផ្ញើត្រឡប់ទៅវិញថា សូមមេត្តាកុំទិញនូវអ្វីដែលមានជាតិគីមីទៅ វាចប់បាត់ហើយ វានៅត្រង់កន្លែងហ្នឹង ដោយសារតែយើងសម្រុកទៅទិញអាគីមីហ្នឹង ដូច្នេះគេចេះតែលក់តទៅទៀត រួចហើយចេះតែមកចោទរដ្ឋាភិបាល ហើយខ្លួនឯងអ្នកទទួលទាន ម៉េចក៏មិនមើលផង! រួចចេះតែចោទរដ្ឋាភិបាលថា ទុកឲ្យអ្នកនោះផលិតដោយដាក់ជីគីមីច្រើន ឬក៏មានការនាំចូលបន្លែបង្កាដោយមានគីមីច្រើន ចុះមានយើងអ្នកទៅទិញ កុំទិញវាមានម៉េច អាហ្នឹងមិនមែនរបស់យើងយកទៅចែកណា»។
វីអូឌីមិនអាចទាក់ទងអ្នកនាំពាក្យក្រសួងសុខាភិបាល លោក លី សូវ៉ាន់ បានទេ ដោយទូរសព្ទចូលហើយ ប៉ុន្តែ គ្មានអ្នកទទួលទូរសព្ទនោះឡើយ។
អតីតប្រធានអង្គការកសិកម្មសេដាក លោកបណ្ឌិត យ៉ង់ សាំងកុមារ យល់ថា បញ្ហានេះជាការទទួលខុសត្រូវរបស់រដ្ឋាភិបាល ហើយមិនត្រូវបន្ទោសប្រជាពលរដ្ឋនោះទេ។
Post a Comment