ផ្ទុះ!! ម៉េង កែវពេជ្ជតា ដាក់មួយប្រាវនេះ ធ្វើឲ្យអ្នកពូកែរិះគន់ គ្រូបង្វឹកកម្មវិធីប្រឡងចម្រៀង «សំនៀងឯក»
ការរិះគន់គណៈកម្មការក្នុងកម្មវិធីប្រឡងចម្រៀង «សំនៀងឯក» របស់ស្ថានីយទូរទស្សទ៍ប៉ុស្ដិ៍បាយ័ន កំពុងតែក្ដៅគកុក ពេញបណ្ដាញសង្គមហ្វេសប៊ុក និងមានការចែករំលែកពេញផ្ទៃប្រទេស ខណៈអ្នកនាង ម៉េង កែវពេជ្ជតា ចេញមុខបកស្រាយធ្វើឲ្យទស្សនិកជន បានដឹងពីមូលហេតុ ប៉ុន្ដែទោះយ៉ាងណា ក៏ការរិះគន់នេះ នៅតែមិនសាបរលាបដែរ ដោយជាថ្មីម្ដងទៀតនេះ អ្នកនាង ម៉េង កែវពេជ្ជតា បានបង្ហោះសារមួយខ្សែធំ ធ្វើឲ្យអ្នកពូកែរិះគន់ កន្លងមក ភ្លឺភ្នែកចែសតែម្ដង។
អ្នកនាង ម៉េង កែវពេជ្ជតា ដែលជាតារាចម្រៀងជើងចាស់ និងជាគណៈកម្មការកម្មវិធីប្រឡងចម្រៀង «សំនៀងឯក» បានសរសេរក្នុងហ្វេសប៊ុកផ្ទាល់ខ្លួនថា «កម្មវិធីប្រឡងមួយ ដែលហ៊ានចំណាយលុយដ៏សន្ធឹកសន្ធាប់ គេប្រាកដជាមិនចង់បាន អ្នកជាប់ជយលាភីដែលគ្មានគុណភាពឡើយ។ ការលេងល្ខោនបោកភ្នែក បញ្ជោរ បញ្ចើចបញ្ចើរ ហៃអើ តែស្ករលើកជើង មិនមែនជាចរិតរបស់ខ្ញុំទេ ហើយក៏គ្មានផលល្អអ្វី ចំណេះដឹងជាដុំកំភួនអ្វីដល់បេក្ខជនដែរ ក្រៅពីបានត្រឹមតែសប្បាយមើល លេងប្រលែងអែបអបអត់បានការ លុះបានជាប់ក្លាយជាតារាច្រៀង បានត្រឹមតែពីរបទគេភ្លេចសូន្យ។ ឃើញខុសតែបែរជាលាក់ ដូចរុញគ្នាឲ្យធ្លាក់ទឹកស្លាប់ទាំងរស់»។
អ្នកនាង ម៉េង កែវពេជ្ជតា បានបន្ដទៀតថា «តើការតិតៀនពីគ្រូចំពោះបេក្ខជននាពេលនេះ និងពាក្យរិះគន់ មើលងាយ សើចចំអកពីទស្សនិកជនថា ជាតារាចោលម្សៀតនាពេលខាងមុខ មួយណាវាខាតជាង ឈឺជាង ហើយអាម៉ាស់ជាង? បើថ្ងៃនេះអ្នកទ្រាំទទួលយកការពិតពីគ្រូមិនបានផង តើថ្ងៃមុខធ្វើម៉េចអ្នកនឹងអាចទទួលយកការរិះគន់ ពីមហាជនបានទៅ? ការខំបកស្រាយពន្យល់ប្រាប់ ពីអាថ៌កំបាំងគ្មានលាក់លៀម តើទៅរកឯណាបានបើមិនចំណាយលុយទាំងដុំ? គ្មាននរណាចិត្តល្អមកប្រាប់យើងអស់អាចម៍អស់នោម Free Free នោះទេ (សូមទោស) លើកលែងតែគ្រូបង្វឹកនោះអត់ចេះដែរ គ្មានអ្វីពន្យល់ គ្មានអ្វីជាឧទាហណ៍ឲ្យសិស្ស ក៏យកការលេងសើចមកបន្លប់បោកអ្នកមើលទៅ។ សូមអធ្យាស្រ័យនិយាយត្រង់ទៀតហើយ។ ដូច្នេះ សូមមេត្តាកុំបង្ខំខ្ញុំឲ្យធ្វើអ្វីដែលមិនមែនជាខ្ញុំ កុំបង្ខំឲ្យខ្ញុំក្បត់ខួរក្បាលខ្ញុំ ខ្ញុំមិនអាចទេ ខ្ញុំមិនចេះមុសារទេ។ គ្រូល្អ មិនមែនបង្រៀនឲ្យសិស្សស្រឡាញ់ទេ តែបង្រៀនឲ្យសិស្សពូកែ ឲ្យសិស្សខ្លាំង។ ខ្ញុំតែងតែស្តាប់អ្នកដែលជាគ្រូ ព្រោះយ៉ាងណា ពួកគាត់បានទទួលជោគជ័យរួចហើយ»។
គួរបញ្ជាក់ថា សម្រាប់សារខាងលើ របស់អ្នកនាង ម៉េង កែវពេជ្ជតា គឺបានធ្វើឲ្យទស្សនិកជន និងមិត្តៗក្នុងហ្វេសប៊ុកជាច្រើនគាំទ្រ ព្រោះពួកគេយល់ថា អ្នកនាង ម៉េង កែវពេជ្ជតា និយាយត្រូវ និងត្រង់ៗ៕
Post a Comment