loading...

ឃើញកូនចេះតែយកដៃមកប៉ះក្បាលជាញឹកញាប់ឪពុកម្ដាយក៏នាំទៅពេទ្យ លទ្ធផលក្រោយពីការពិនិត្យ

ចិន៖ គ្រប់កាយវិការនិងឥរិយាបថដែលក្មេងតូចៗធ្វើ គឺមើលទៅសុទ្ធតែគួរឲ្យស្រឡាញ់ដល់ថ្នាក់អាចនឹងធ្វើឲ្យបេះដូងយើងរលាយបានពេលខ្លះ។ ប៉ុន្តែទោះជាយ៉ាង
ណាក៏ដោយ ប្រសិនជាកូនតូចៗរបស់អ្នកតែងតែធ្វើ ឬបង្ហាញនូវទង្វើ ក៏ដូចជាអាកប្បកិរិយាតែមួយដដែលៗច្រើនដងម្ដងហើយម្ដងទៀតនោះ ក្នុងករណីនេះអ្នកគួរ
តែយកចិត្តទុកដាក់ចាប់អាម្មណ៍ព្រួយ និងត្រូវទៅស្វែងរកជំនួយផ្នែកវេជ្ជសាស្ដ្រហើយ។ ជាក់ស្ដែងកាលពីពេលថ្មីៗនេះ ប្ដីប្រពន្ធមួយគូនៅក្នុងប្រទេសចិន បានសម្គាល់ឃើញថាកូនតូចវ័យទើបនឹង ១ឆ្នាំរបស់ពួកគេឈ្មោះ An An តែងធ្វើសកម្មភាពយកដៃប៉ះក្បាលជាញឹកញាប់។

ដំបូងឪពុកម្ដាយបានគិតថា វាគ្រាន់តែជាកាយវិការធម្មតារបស់ក្មេងតូចតែប៉ុណ្ណោះ។ ទោះជាយ៉ាងណា ២សប្តាហ៍កន្លងផុតទៅ ស្ត្រីជាម្ដាយបានចាប់អារម្មណ៍ថាមានអ្វីមួយស្រួលកើតឡើងជាមួយកូនជាមិនខាន ដោយ An An នៅតែព្យាយាមប៉ះក្បាលរបស់ខ្លួនឯង និងធ្វើទឹកមុខមើលទៅហាក់ដូចជាមានការឈឺចាប់ ព្រមទាំង
ចងចញ្ចើមក្នុងពេលដំណាលគ្នានោះផងដែរ។ លែងបង្អង់យូរ ស្ត្រីជាម្ដាយប្រញាប់នាំកូនទៅមន្ទីរពេទ្យកុមារភ្លាម ដើម្បីទទួលការពិនិត្យ។

ក្រោយពីការធ្វើរោគវិនិច្ឆ័យត្រូវបានបញ្ចប់ លទ្ធផលបង្ហាញឲ្យដឹងថា An An ទទួលរងនូវជម្ងឺរលាកក្នុងត្រចៀក ដោយផ្នែកកណ្ដាលខាងក្នុងត្រចៀកត្រូវបានឆ្លងមេរោគដែលបណ្ដាលឲ្យហើមរលាក។ គ្រូពេទ្យបានប្រាប់ទៅកាន់ឪពុកម្ដាយរបស់ An An ថា ស្ថានភាពជម្ងឺរបស់ An An គឺធ្ងន់ធ្ងរណាស់ដែរ ព្រោះមេរោគបានឆ្លងចូលមួយរយៈពេលមកហើយ។

បន្ទាប់ពីបានដឹងបែបនេះ ឪពុកម្ដាយមានអារម្មណ៍ថាមានកំហុសខ្លាំងមែនទែន ដោយបែរជានាំគ្នាគិតថាកាយវិការដើម្បីសុំជំនួយរបស់ An An គ្រាន់តែជាកាយវិការធម្មតារបស់ក្មេង។ ជាសំណាងល្អ វេជ្ជបណ្ឌិតក៏បាននិយាយផងដែរថា វានៅមិនទាន់ហួសពេលទេសម្រាប់ការព្យាបាល An An ឲ្យជាសះស្បើយឡើងវិញ។ ក្រោយពីរឿងរ៉ាវត្រូវបានចែករំលែកលើបណ្ដាញសង្គម អ្នកលេងអ៊ីនធើណិតជាច្រើនមានការភ្ញាក់ផ្អើលជាខ្លាំង ជាពិសេសចំពោះអ្នកដែលទើបនឹងធ្វើជាឪពុកម្ដាយរបស់គេ ខណៈដែលពួកគេមិនធ្លាប់បានឮពីរោគឆ្លងនេះពីមុនមក៕

No comments