loading...

សៀ ឬទ្ធី៖ ពេលរើសបុគ្គលិកគ្រប់គ្រង កំណត់ជាប់ឬធ្លាក់បាន ខ្ញុំសួរតែ១សំណួរប៉ុណ្ណោះគឺ តើសព្វថ្ងៃអ្នកជិះយានជំនិះអ្វី? ម៉ូតូ ឬឡាន? បើជិះម៉ូតូលោកនឹងឲ្យ...

ការជ្រើសរើសបុគ្គលិកម្នាក់ ដែលប្រកបដោយសមត្ថភាព ចំណេះ ជំនាញពិតប្រាកដ គឺជាបញ្ហាចោទសម្រាប់ម្ចាស់ក្រុមហ៊ុនតូចធំនានា។ ជាក់ស្តែងពួកគាត់មិនបានបុគ្គលិកដែលត្រូវនឹងអ្វីដែលពួកគាត់ចង់បាននោះទេ ទោះជាបុគ្គលិកតំណែងតូច ឬតំណែងធំក៏ដោយ។


ក្រុមហ៊ុនខ្លះ ពេលសំភាសន៍ការងារបុគ្គលិកម្តងៗ ត្រូវសួរសំណួរជាច្រើនហូរហែរ ដើម្បីដឹងពីព័ត៌មានពីបុគ្គលម្នាក់នោះ។ ជាពិសេសសំភាសន៍បុគ្គលិក តំណែងធំៗដូចជា អ្នកគ្រប់គ្រងជាដើម។
ជាមួយគ្នានេះដែរ លោកឧកញ៉ា សៀ ឬទ្ធី ដែលជាស្ថាបនិកនិង ប្រធានក្រុមហ៊ុន Worldbridge Group បានមានប្រសាសន៍នៅក្នុងសិក្ខាសិលាមួយកាលពីពេលថ្មីៗនេះថា ចំពោះលោក ការជ្រើសរើសអ្នកគ្រប់គ្រងម្នាក់ លោកមិនសួរច្រើនសំណួរនាំតែខាតពេលនោះទេ ពោលគឹលោកសួរតែមួយសំណួរប៉ុណ្ណោះ។
លោកបន្តថា បុគ្គលម្នាក់ដែលហ៊ានសម្រេចចិត្ត ក្លាយជាមេដឹកនាំគេហើយ មិនចាំបាច់អីត្រូវឲ្យយើងសួរគាត់ច្រើននោះទេ។ ហើយគាត់ប្រាកដជាបុគ្គលម្នាក់ដែលមានទំនួលខុសត្រូវខ្ពស់ជាក់ជាមិនខាន។ ដូចនេះគ្មានហេតុផលអ្វីត្រូវសួរច្រើននោះទេ។
លោកបានបញ្ជាក់យ៉ាងច្បាស់ថា មួយសំណួរ ដែលលោកសួរនោះគឺ សួរថា “ តើសព្វថ្ងៃអ្នកជិះយានជំនិះអ្វី? ម៉ូតូ ឬឡាន?“ ប្រសិន បើបុគ្គលនោះ​ ជិះឡាន លោក នឹងឲ្យជាប់ តែបើជិះម៉ូតូបុគ្គលនោះនឹងធ្លាក់។
ថ្លែងដូចនេះ លោកឧកញ៉ាបានពន្យល់យ៉ាងលំអិតថា ការចោទសួរដូចនេះ មិនមែនគាត់អត្មានិយម ជ្រើសរើសតែអ្នកមានមកធ្វើការនោះទេ ប៉ុន្តែជាក់ស្តែង ប្រសិនបើបុគ្គលណាម្នាក់ ដែលសម្រេចចិត្តដាក់ពាក្យក្លាយជា មេគេហើយ មិនមែនគាត់មិនចេះនោះទេ គាត់ប្រាកដជា មានបទពិសោធន៍ធ្វើនៅក្រុមហ៊ុនផ្សេងមិនតិចឆ្នាំផងដែរ។


ដូចនេះ ប្រសិនបើគាត់ពូកែនោះ មិនមែនគាត់នៅតែជិះម៉ូតូរាប់ឆ្នាំនោះទេ ហើយបើថាគាត់ពូកែសន្សំ មិនហ៊ានទិញឡានជិះ ក៏មិនមែនដែរ ព្រោះជិវិតនេះខ្លីណាស់ ទ្រាំជិះម៉ូតូដល់ស្លាប់មែនទេ? ហេតុអ្វីមិនផ្លាស់ប្តូរខ្លួនឯង?
ម្យ៉ាងវិញទៀត បើគាត់ដាក់ខ្លួននោះ ក៏មិនត្រូវដែរ ព្រោះប្រសិនបើដាក់ខ្លួនបែបហ្នឹង តើទៅនិយាយជាមួយបុគ្គលិកក្រោមខ្លួនយ៉ាងដូចម្តេចទៅ? បើបុគ្គលិកក្រោមខ្លួនខ្លះជិះសុទ្ធតែឡានទំនើបៗផងនោះ។

លោកបានបន្តថា ប្រសិនបើអ្នកជាប្រធានក្រុមហ៊ុនដូចជារូបខ្ញុំ តើអ្នកហ៊ាន ប្រគល់ក្រុមហ៊ុនទាំងមូលទៅឲ្យបុគ្គលដែលមិនចេះផ្លាស់ប្តូរខ្លួនឯងយ៉ាងដូចច្នេះ។ មនុស្សម្នាក់ត្រូវតែមានការផ្លាស់ប្តូរ មិនមែននៅដដែលនោះទេ។
តាមការពិត តំណែងអ្នកគ្រប់គ្រង មានភាគរយតិចណាស់ដែលមានមនុស្សទូទៅ ចាប់អារម្មណ៍ ហើយបើយោងតាមការសង្កេតជាក់ស្តែងសបញ្ជាក់ថា ប្រធានផ្នែកគ្រប់គ្រងរបស់ស្ថាប័ននីមួយៗ មានជីវភាពមិនអន់ដែរ ព្រោះការងារគាត់ច្រើន ដូចនេះគាត់ប្រាកដជាទទួលបានអ្វីមួយឲ្យសមស្របនឹងការប្រឹងប្រែងរបស់គាត់។

តែយ៉ាងណាក៏ដោយ មុនពេលអ្នកធ្វើអ្វីមួយអ្នកត្រូវប៉ាន់ស្មានសមត្ថភាពខ្លួនឯង កុំហក់ហួសមាឌ ហក់តាមសមត្ថភាព នោះអ្នកនឹងជោគជ័យ ។ ដូចពាក្យមួយឃ្លាគេតែងតែពោលថា បើឡើងដើមឈើ ត្រូវឡើងឲ្យដល់ចុង បើមិនធ្លាក់ស្លាប់ នោះអ្នកនឹងបានឃើញទេសភាពដ៏ស្រស់ស្អាតពីលើដើមឈើនោះ។ ប៉ុន្តែអ្នកត្រូវសួរខ្លួនឯងថា មុននឹងឡើង អ្នកត្រូវគិតថា ភាគរយនៃការធ្លាក់គឺទាបជាងភាគរយនៃការឡើងដល់កឮចុងនៃដើមឈើ។

No comments