loading...

តើ​មាន់​ខុសអ្វី បាន​ត្រូវ​ប្រហារជីវិត?


ភ្នំពេញ​៖ មាន់​ជល់​ចំនួន ៩២ ក្បាល ដែល​ប្រមូលបាន​ពីស​ង្វៀន​ជល់​មាន់​ខេត្តកណ្ដាល ត្រូវបាន​អាជ្ញាធរ​សម្លាប់ តាម​ដីកា​សម្រេច​របស់​សាលាដំបូង​ខេត្ត ក្រោម​ហេតុផល​ថា ពិបាក​ក្នុងការ​ថែរក្សា និង​កុំ​ឲ្យ​មាន​បទល្មើស​ជល់​មាន់​ជាថ្មីទៀត​។ តែ​អ្វីដែល​ត្រូវ​ជជែក​ដេញដោល​គ្នា​នោះ ត្រង់​ថា «​មាន់​ជល់​» ទាំងនោះ មាន​កំហុស​ដែរ​ទេ​? ទើប​ចៅក្រម​ចេញ​ដីកា​សម្រេច​ប្រហារជីវិត​បែបនេះ​។​
«​តើ​មាន់​មាន​កំហុស​អ្វី​»? នេះ​ជា​សំនួរ​ដែល​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​ចោទសួរ​ទៅខាង​អាជ្ញាធរ ដែល​ប្រហារជីវិត​សត្វ​មាន់ ៩២​ក្បាល ក្រោយ​ប្រមូល​ពីស​ង្វៀន​ជល់​មាន់​ខេត្តកណ្ដាល​។ គ្មាន​ចម្លើយ​អ្វី​ឡើយ ក្រៅពី​ដីកា​សម្រេច​របស់​ចៅក្រម​សាលាដំបូង​ខេត្តកណ្ដាល ដែល​សម្រេច​កម្ទេចចោល នូវមាន់​ចំនួន​៩២​ក្បាល​នេះ​។ រូបភាព​ប្រហារជីវិត​មាន់ (​អាករ​មាន់​) បាន​ចែកចាយ​លើ​បណ្ដាញ​ហ្វេ​ស​ប៊ុ​ក តាមរយៈ​វីដេអូ​២​នាទី ដែល​បង្ហាញ​ពី​សកម្មភាព​សមត្ថកិច្ច មានការ​មមាញឹក​ញាប់​ដៃ​ញាប់ជើង​យ៉ាងខ្លាំង ដើម្បី​សម្លាប់សត្វ​មាន់​ទាំងនោះ​ឲ្យ​អស់ តាម​សេចក្តីសម្រេច​របស់​ចៅក្រម​។​ 
​សកម្មភាព​ប្រហារជីវិត​សត្វ​មាន់​នេះ បែរជា​មានតែ​ពាក្យរិះគន់​ទៅ​ការខិតខំ​ប្រឹងប្រែង​រប​ស់​អាជ្ញាធរ​ទៅវិញ​។ ពាក្យរិះគន់​បាន​រំ​លេចឡើង​តាមរយៈ​គណនី​ហ្វេ​ស​ប៊ុ​ក​ដូចជា​«​ចប់​បាត់​ច្បាប់​ស្រុក​ខ្មែរ មិន​កាត់ទោស​ម្ចាស់​មាន់ មក​កាត់ទោស​ប្រហារជីវិត​មាន់​ទៅវិញ ។​មាន់​គ្នា​មានដឹងរឿងអ្វី​វា​»​។ «​មាន់​អត់​ដឹងអ្វីផង​ត្រូវគេ​កាត់ទោស​ប្រហារជីវិត អយុត្តិធម៌៌ណាស់ »​។​«បាបកម្ម! បើ​មាន​ករណីបែបនេះ​លើក​ក្រោយ គួរ​យកគ្នា​ទៅ​ចិញ្ចឹម​នៅ​សួនសត្វ​ភ្នំ​តា​ម៉ៅ​ក៏បាន សត្វ​គ្មាន​កំហុស​សោះ​ត្រូវគេ​ប្រហារឡើយ។ ចង់​លុបបំបាត់​សំខាន់​ពិន័យ​អ្នកប្រព្រឹត្ត​ឲ្យ​ធ្ងន់ធ្ងរ និង​បញ្ឈប់​វប្បធម៌​និ​ទណ្ឌ​ភាព​នៅ​កម្ពុជា​»​ជាដើម​។ ទាំងនេះ​ជា​អារម្មណ៍​មិន​ពេញចិត្ត​របស់​មជ្ឈដ្ឋាន​ទូទៅ ចំពោះ​សេចក្តីសម្រេច​សម្លាប់​មាន់​ជល់​ខាងលើនេះ​។​
 
​ប៉ុន្តែ​អ្វីដែល​នាំ​ឲ្យ​ប៉ះពាល់​ផ្លូវចិត្ត​របស់​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​ធ្ងន់ធ្ងរ​ទៀត​នោះ គឺ​សកម្មភាព​សម្លាប់សត្វ​មាន់​នេះ​តែម្ដង​។ ការសម្លាប់​មាន់​បង្ហោះ​លើ​បណ្ដាញ​ហ្វេ​ស​ប៊ុ​ក​ជា​សាធារណៈ​នេះ បានបង្ហាញ​ពី​រូបភាព​ហិង្សា និង​ភាព​ឃោ​ឃៅ​ព្រៃផ្សៃ​នៃ​ការកាប់​សម្លាប់សត្វដោយគ្មានធម៌មេត្តា ដែល​ប៉ះពាល់​អារម្មណ៍​សាធារណៈជន​ផងដែរ​។​
 
​បើ​និយាយ​តាមការអប់រំរបស់​ព្រះ​ពុទ្ធសាសនា​ មនុស្ស ជា​សត្វ​មួយ​ប្រភេទ ដែលមាន​ធម្ម​សញ្ញា គឺ​ការដឹង​ខុសត្រូវ ដូច្នេះ​ត្រូវ​ពិចារណា​ឲ្យ​បាន​ជារឿយៗ​ថា​៖«​គ្រប់​សត្វលោក តែងតែ​ប្រាថ្នា​ចង់​រស់​។ អាត្មាអញ មិន​ចង់​ឲ្យ​អ្នកដទៃ បៀតបៀន​ជីវិត​អាត្មាអញ​។​យ៉ាងណា អ្នកដទៃ ឬ​សព្វ​សត្វ​ទាំងពួង ក៏​មិន​ចង់​ឲ្យ​អាត្មាអញ បៀតបៀន​ជីវិត​របស់គេ យ៉ាង​ដូច្នោះ​ដែរ​។ អាត្មាអញ អាច​រស់​នៅបាន ក៏​ព្រោះតែ​អ្នកដទៃ មិន​សម្លាប់​អាត្មាអញ ហេតុដូច្នេះ​អាត្មាអញ ក៏​មិនត្រូវ​សម្លាប់​គេ​ដូចគ្នា​»​។
 
​នៅពេល​អ្នកធ្វើ​ទុក​នៅក្នុង​ចិត្ត​បែបនេះហើយ អ្នក​នឹងមាន​អភ័យ​និង​ក្តីមេត្តា​ចំពោះ​ជីវិត​សត្វ​។ សត្វ​ត្រូវការ​មេត្តាធម៌ ពី​មនុស្ស​ដើម្បី​រស់​។ ប្រសិនបើ​ប្រាសចាក​មេត្តាធម៌​ហើយ អ្នក​ប្រាកដជា​ក្លាយជា​មនុស្ស​ឃោរឃៅ និង​គ្មាន​ត្រា​ប្រណី រហូត​នាំ​ឲ្យ​អ្នក​ហ៊‌ា​ន​សម្លាប់​ជីវិត​សត្វ ដោយ​គ្មាន​ញញើត និង​ខ្លាច​អំពើ​បាប​។ មិនថាតែ​សត្វ​នោះទេ សូម្បីតែ​មនុស្ស ក៏​ត្រូវការ​មេត្តាធម៌​ដែរ ពីព្រោះថា ឲ្យ​តែ​សង្គម​ណា​ប្រាសចាក​មេត្តាធម៌​ហើយ សង្គម​នោះ​កើត​ភាពវឹកវរ ដោយសារតែ​កាប់សម្លាប់​គ្នា​ជាមិនខាន​។ ព្រះសម្មាសម្ពុទ្ធ​បរមគ្រូ​នៃ​យើង ទ្រង់​ឲ្យ​មនុស្ស​គ្រប់រូប វៀរចាក​ការសម្លាប់​ជី​វីត​សត្វ​។ ហើយ​ការ​សម្លាប់សត្វ គឺជា​ប្រការ​ទីមួយ ដែល​ព្រះអង្គ បាន​ហាមប្រាម​នៅក្នុង​សីលប្រាំ​។​
 
​ហើយ​បើ​យើង​មើល​នៅក្នុង​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​វិញ ក៏​គ្មាន​មាត្រា​ណា ចែង​អំពី​ទោស​ប្រហារជីវិត​ដែរ​។ ប៉ុន្តែ​មាន់​ជល់​៩២​ក្បាល​នេះ បាន​រង​ទោស​ប្រហារជីវិត តាម​ដីការ​សម្រេច​របស់​ចៅក្រម​សាលាដំបូង​ខេត្តកណ្ដាល ក្រោម​ហេតុផល​កម្ទេចចោល​ទៅហើយ​។ ដូច្នេះ​សរុបមក​វិញ ថា​តើ​មាន់​ជល់​ទាំង​៩២​ក្បាល ដែល​ត្រូវបាន​មនុស្ស​យកទៅ​ប្រើប្រាស់​ជា​ប្រយោជន៍​ខ្លួន ក្នុង​វង់ល្បែង​ជល់​មាន់​នេះ ពិត​ជាមាន​កំហុស ដែល​សាក​សម​នឹង​កាត់ទោស​ប្រហារជីវិត​មែន​?

No comments